កាលបរិច្ឆេទ: ១០ សីហា ២០២២
កាលពីខែមិថុនាកន្លងទៅនេះ មានការរៀបចំមហោស្រពចំណីអាហារ Asian Street Food Festival លើកទីមួយនៅវត្ត Vincennes។ អ្នកផ្តួចផ្តើមគំនិតបង្កើតមហោស្រពនេះឡើងរួមមាន អ្នកទទួលខុសត្រូវមកពីក្រុមហ៊ុន Evaan Market ជាក្រុមហ៊ុនលក់ផលិតផលតាមអនឡាញដែលផ្សព្វផ្សាយ និងចែកចាយផលិតផលខ្មែរនៅប្រទេសបារាំងក្នុងនោះមានផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល និងអ្នកទទួលខុសត្រូវមកពី Banh Mi Podcast ដែលជាកម្មវិធីវិទ្យុតាមអនឡាញស្តីពីវប្បធម៌អឺរ៉ុប និងអាស៊ី ព្រមទាំងសមាគមយុវជនចិននៅប្រទេសបារាំងផងដែរ។
«យើងមានចក្ខុវិស័យ និងគោលបំណងដូចគ្នា គឺចង់បញ្ចេញសម្លេងរបស់យើង។ ជាសម្លេងរបស់យុវជនជំនាន់ថ្មី ដែលមានដើមកំណើតមកពីអាស៊ី និងមានវប្បធម៌ពីរ។ ចង់លើកតម្លៃពីជាតិកំណើត – បេតិកភណ្ឌ និងពីវប្បធម៌របស់យើង។ តាមរយៈមហោស្រពនេះ យើងបានបោះជំហានទៅមុខមួយជំហានរួចទៅហើយ។ ពេលនឹកទៅដល់ការរៀបចំមហោស្រពនេះឡើងវិញ វាជារឿងមួយមិនគួរឲ្យចង់ជឿ និងជារឿងសាមញ្ញផង។
ក្នុងអំឡុងពេលតែមួយខែគត់ និងផ្តើមចេញពីចំណុចសូន្យសោះ យើងអាចសម្រេចគម្រោងនេះបាន។ Valentine និង Linda បានទាក់ទងម្ចាស់ភោជនីយដ្ឋាន ហើយពួកគាត់សុទ្ធតែចាប់អារម្មណ៍លើគម្រោងនេះ។ សម្រាប់អ្នកខ្លះ គឺជាលើកទីមួយហើយដែលពួកគាត់បម្រើម្ហូបអាហារនៅខាងក្រៅហាង។ ដូច្នេះវាជាបញ្ហាប្រឈមលើកទីមួយសម្រាប់ពួកគាត់ដែលពួកគាត់ត្រូវជំនះ។ ពួកគាត់បានខំប្រឹងអស់ពីសមត្ថភាពរបស់ខ្លួនជាមួយនឹងអារម្មណ៍សប្បាយរីករាយ។ មានប្រទេសជាច្រើនដែលបានចូលរួមបោះស្តង់ចំណីអាហាររបស់ខ្លួន បើទោះបីជាមានអ្នកខ្លះអវត្តមានក្តី។ គោលបំណងសម្រាប់មហោស្រពលើកក្រោយ គឺធ្វើយ៉ាងណាឲ្យមានការចូលរួមទាំងអស់គ្នា»៕